ពាក្យសម្តី ជាគ្រឿងរំខានជីវិត

ពាក្យសំដីគឺជាផ្នែកសំខាន់បំផុតនៃជីវិតមនុស្ស។ វាជារបស់សំខាន់ ដែលជួយអោយយើង ធ្វើការទំនាក់ទំនងជាមួយគ្នា ជារៀងរាល់ថ្ងៃ។ វាអាចធ្វើអោយមនុស្សម្នាក់ សប្បាយរីករាយយ៉ាងខ្លាំង ស្របពេលដែលវាអាច ទាញមនុស្សដដែលនោះទំលាក់ទឹកបាន​ យ៉ាងងាយស្រួលបំផុត។ វាអាចផ្តល់កំលាំងចិត្ត អោយមនុស្សម្នាក់យ៉ាងខ្លាំងក្លា ដែលធ្វើអោយគេសម្រេចបាន សមិទ្ធផលជាទីគាប់ចិត្ត តែវាក៏អាចធ្វើអោយមនុស្សម្នាក់បរាជ័យផងដែរ។ ពាក្យសំដីរបស់អ្នក អាចមានឥទ្ធិពលលើអ្នកដទៃ ហើយសម្តីរបស់អ្នកដទៃក៏មានដូចគ្នា លើជីវិតរបស់អ្នក។ តើអ្នកបានសម្គាល់ដែរទេថា ជីវិតរបស់អ្នក ត្រូវបានរំខានដោយពាក្យសម្តី ច្រើនប៉ុណ្ណា?

ស្រម៉ៃថាអ្នកកំពុងតែ ធ្វើការក្នុងសួនច្បារក្រោយផ្ទះអ្នក ដែលមានផ្ការីកស្រស់ផូផង់ ហើយស្រាប់តែអ្នកជិតខាង ដើរមកក្បែររបងហើយនិយាយថា សួនច្បារអ្នកមើលទៅ ហាក់ដូចជារញ៉េរញ៉ៃខ្លាំងណាស់។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? អ្នកកំពុងតែសប្បាយនឹងកិច្ចការរបស់អ្នក ស្រាប់តែភ្លាមៗអារម្មណ៍របស់អ្នកផ្លាស់ប្តូរទេ? ទោះបីគេនិយាយពិត ឬមិនពិត អារម្មណ៍អ្នកប្រហែលជាផ្លាស់ប្តូរ កើតទៅជាអារម្មណ៍មិនល្អ ហើយខឹងនឹងពាក្យសម្តី ដែលគ្មានការគួរសមរបស់អ្នកជិតខាងនោះ។ អ្នកអាចខឹងសម្បារ ហើយតបតពាក្យសម្តីទៅអ្នកនោះវិញ។ ឬក៏អ្នកទប់ចិត្តអ្នក ព្យាយាមធ្វើចិត្តអោយស្ងប់ ហើយបន្តធ្វើការរបស់អ្នក។ ណាមួយ សួនរបស់អ្នកអាចនឹងល្អស្អាតហើយ សម្តីតែមួយឃ្លាមេចនឹងអាច អោយមានឥទ្ធិពល ខ្លាំងបែបនេះទៅ។

ដោយសារតែពេលនេះ កំពុងតែជក់ចិត្តនឹងពាក្យក្នុងអត្ថបទនេះ យើងទៅស្រម៉ៃស្ថានការមួយទៀត។ អ្នក និងសង្សាររបស់អ្នក កំពុងតែធ្លាក់ក្នុង រណ្តៅស្នេហាមួយ ដ៏ជ្រៅ។ អ្នកទាំងពីរតែងតែប្រើពាក្យផ្អែមល្ហែម ទៅកាន់គ្នាទៅវិញទៅមក។ ត្រូវចាំថា លើលោកនេះគ្មានអ្វីថិតថេរនោះទេ រីឯសម្តីផ្អេមល្ហែម រឹតតែងាយផ្លាស់ប្តូរថែមទៀត។ ថ្ងៃមួយស្រាប់តែដៃគូរបស់អ្នក ហាក់ដូចជាប្រើពាក្យសម្តីសោះកក្រោះ មិនផ្អែមល្ហែម ហើយថែមទាំងស្រែកគំហក​ ដាក់អ្នកថែមទៀតផង។ បើសិនជាអ្នក ជាប់ចិត្តជាប់កាយ ជាមួយពាក្យសម្តីដែលផ្អែមល្ហែមនោះ នៅពេលដែលវាលែងផ្អែមដូចមុន ឬទឹកឃ្មុំក្លាយទឹកខ្មេះ អារម្មណ៍ក្នុងរណ្តៅស្នេហ៍របស់អ្នក ច្បាស់ជាផ្លាស់ប្តូរ។ ហើយបើធ្ងន់ធ្ងរខ្លាំង គឺត្រូវចែកផ្លូវគ្នាថែមទៀតផង។ មិនថាមូលហេតុអ្វី នៅពីក្រោយពាក្យសម្តីរបស់ ដៃគូរបស់អ្នកទេ កាលណាអ្នកផ្តោតការស្រលាញ់របស់អ្នក ទៅលើពាក្យសម្តីដែលផ្អែមល្ហែមនោះ អារម្មណ៍អ្នកនឹងផ្លាស់ប្តូរ ហើយការស្រលាញ់នោះ​ ច្បាស់ជាផ្លាស់ប្តូរជាមិនខាន។ ការស្រលាញ់មនុស្សម្នាក់ គួរតែកើតមានសម្រាប់លក្ខណៈសម្បត្តិរបស់គេ មិនមែនស្រលាញ់ដោយសារសម្តីផ្អែមល្ហែមនោះទេ។ គេនិយាយថា ស្រាលាញ់មនុស្សម្នាក់ ដោយសារគេគឺជាគេ។

រឿងពិតមួយនៃជីវិត ដែលមិនអាចប្រកែកបាន គឺអ្នកមិនអាចទៅបញ្ជាពាក្យសម្តី ដែលអ្នកដទៃនិយាយ ឬសរសេរទៅកាន់អ្នកទេ។ វាជាហេតុផលមួយដែលអ្នក តែងតែបានអាន និងស្តាប់ពាក្យសម្តីជាច្រើន ដែលមិនពិរោះសម្រាប់សតិអារម្មណ៍របស់អ្នក។ បើអ្នកគ្រប់គ្រងពាក្យសម្តីរបស់អ្នកដទៃបាន ម្លេះសមជាគ្មានពាក្យគម្រោះគម្រើយណាមួយនោះទេ។ ជារឿងធម្មតាដែល ពាក្យសម្តីមិនពិរោះទាំងឡាយ ផ្លាស់ប្តូរអារម្មណ៍របស់អ្នក។ តែអ្នកគឺជាមនុស្សម្នាក់ ហើយអ្នកជាអ្នកគ្រប់គ្រងេជីវិតរបស់អ្នក។ អ្នកច្បាស់ជាអាចឈប់មួយភ្លែត ហើយគ្រប់គ្រងអារម្មណ៍របស់អ្នក ធ្វើយ៉ាងណាកុំអោយសម្តីទាំងនោះ មកដាក់ក្នុងចិត្ត ហើយអោយវារំខានជីវិតរបស់អ្នក។ ការដែលអ្នក បណ្តោយអារម្មណ៍អវិជ្ជមានទាំងឡាយ កើតមានឡើង នៅពេលលឹសម្តីអាក្រក់របស់អ្នកដទៃ ទាំងដែលអ្នកដឹងហើយថា អ្នកមិនអាចគ្រប់គ្រងវាបាន ប្រៀបដូចជាអ្នកខំប្រឹង ដើរហាលភ្លៀង ទាំងដែលដឹងហើយថា អ្នកមិនអាចឃាត់ភ្លៀង មិនអោយធ្លាក់ស្រោយស្រពលើអ្នកនោះទេ។

ពាក្យសម្តីខ្លះ បានជួយជីវិតយើងជាច្រើន ដូច្នេះទទួលវាទៅ។ តែពាក្យខ្លះ ដែលបង្កជាការរំខាន ដល់ជីវិតយើងយ៉ាងខ្លាំង ត្រូវចាត់ទុកថា វាគ្រាន់តែជាពាក្យសម្តី ជាព័ត៌មាន ជាដំណឹង ហើយមិនមែនជាគ្រឿងដែលមក ផ្លាស់ប្តូរអារម្មណ៍របស់យើងនោះទេ។ ការរំលឹកខ្លួនឯង ពីអ្វីដែលខ្លួនមិនអាចគ្រប់គ្រងបាន ដូចជាពាក្យសម្តីរបស់អ្នកដទៃ នឹងធ្វើអោយអ្នក ងាយស្រួលក្នុងការដឹកនាំជីវិតមួយ ដែលមិនសូវមានការរំខាននោះទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។