សកម្មភាព រំខានជីវិត

មានជីវិតគឺមានសកម្មភាព។ សូម្បីតែថ្មមួយដុំ ក៏អាចមានសកម្មភាពដែរ នៅពេលដែលវារមៀល​ធ្លាក់ពីលើភ្នំចុះមក។ កិច្ចការទាំងឡាយ ទាមទារអោយយើង បញ្ចេញសកម្មភាព ទើអាចធ្វើអោយវាសម្រេចបាន។ ពេលខ្លះសកម្មភាពដែលយើងធ្វើ មិនបានសម្រេចអ្វី ឬធ្វើអោយអ្វីមួយមានន័យនោះទេ តែបែរជាផ្តល់ទុក្ខទោសមកអោយយើង ឬយ៉ាងហោចណាស់ ធ្វើអោយរំខានអារម្មណ៍អ្នកដទៃដែរ។ រីឯអ្នកដទៃក៏អាចធ្វើសកម្មភាពបែបនោះដូចគ្នា។ ដោយសារតែសកម្មភាពគឺជាផ្នែកមួយនៃជីវិតទៅហើយ ដូច្នេះអ្នកច្បាស់ជាជួបការរំខានជាច្រើន ដែលកើតឡើងដោយសារតែសកម្មភាពនេះឯង។ ប៉ុន្តែតើអ្នកមានដែលសំគាល់ដែរឬទេថា សកម្មភាពបែបណាដែលរំខានអ្នក ហើយអ្នកមានប្រតិកម្មយ៉ាងដូចម្តេចចំពោះវា?

នៅពេលដែលអ្នកចាប់ផ្តើមប្រើពេលគិតបន្តិច អ្នកប្រហែលជាដឹងអំពីសកម្មភាព​ទាំងឡាយ និងរាល់ប្រតិកម្មរបស់អ្នកចំពោះវា។ សកម្មភាពជាច្រើនដែលរំខានអ្នកនោះ ប្រហែលជាមិនបានទទួលត្រលប់វិញ នូវការតបតដែលធ្វើអោយស្ថានការប្រសើឡើងនោះទេ។ កាលនៅរៀន នៅពេលដែលអ្នកកំពុងសរសេរចំលងមេរៀន យ៉ាងផ្ចឹតផ្ចង់ជាទីបំផុត ស្រាប់តែមិត្តភក្តិរបស់អ្នក ប្រលែងគ្នាធ្វើអោយប៉ះដៃរបស់អ្នក។ សំនេរយ៉ាងស្អាតរបស់អ្នក ប្រែទៅជាមានបន្ទាត់មួយ អូសយ៉ាងវែងលើក្រដាស។ តើនៅពេលនោះ អ្នកមានប្រតិកម្មរបៀបណា? ជាក់ស្តែងនេះ​គឺជាសកម្មភាពមួយ ដែលរំខានជីវិតអ្នក។ តើអ្នកសំលឹងមើលមិត្តរបស់អ្នក ជាមួយនឹងទឹកមុខគួរអោយក្លាច ហើយស្តីបន្ទោសអោយគេ ឬមួយក៏អ្នកទំលាក់ប៊ិចចុះ ហើយចូលរួមការប្រលែងគ្នានោះដែរ? ទោះជាអ្នកធ្វើអ្វីបន្ទាប់ ប្រការសំខាន់នៅពេលនោះគឺ មេរៀនរបស់អ្នកត្រូវតែបង្ហើយ រីឯមិត្តភាពរបស់អ្នក មិនគួរអាប់អួរដោយសារតែសកម្មភាពមួយនោះទេ។ ឬក៏ប្រហែលជាអ្នកស្រែកប្តឹងគ្រូរបស់អ្នក? ឬក៏ហែកសន្លឹកសៀវភៅដែល សរសេរមេរៀននោះចោល? ឬយកប៊ិចទៅចាក់បំពង់ករបស់មិត្តអ្នក ហើយសម្លាប់គេចោលតែម្តង?

នៅពេលដែលជីវិតរបស់អ្នក ត្រូវបានរំខានដោយសកម្មភាពណាមួយ ឬក៏ដោយសារសម្តីណាមួយ ប្រការសំខាន់នោះគឺពន្យារពេលក្នុងការធ្វើប្រតិកម្មទៅវិញ។ ដូចក្នុងការរៀបរាប់ខាងលើ ដោយពឹងផ្អែកលើអារម្មណ៍ អត្តចរិត និងស្ថានភាពផ្លូវចិត្តរបស់អ្នកនាពេលនោះ អ្នកអាចធ្វើរឿងតូចមួយ ក្លាយជារឿងធំបាន។ ត្រូវហើយការយកប៊ិច ទៅចាក់បំពង់កមិត្តភក្តិសម្លាប់នោះ វាពិតជាមិនអាចនឹងកើតឡើងបានទេ ដូចជាការប្រច័ណ្ឌរបស់ប្តី រហូតដល់យកកាំភ្លើងទៅបាញ់ប្រពន្ធចោល ក៏មិនងាយនឹងកើតឡើងបានដែរ ប៉ុន្តែវានៅតែអាចកើតឡើងបាន។ ប្រពន្ធជាមនុស្សរួសរាយផង ហើយខ្លួនកំពុងតែមានអារម្មណ៍តានតឹងជាច្រើនផង ណាមួយប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់ដូចជាមិនសូវត្រូវរូវគ្នាផង។ ឃើញប្រពន្ធនិយាយសើចលេង ជាមួយអ្នកកំលោះណាមួយជិតផ្ទះ ដែលជាសកម្មភាពមួយដែលរំខាន់ជីវិតយ៉ាងខ្លាំង។ ក្នុងខណៈពេលបន្ទាប់ រឿងអ្វីក៏អាចកើតឡើងបានដែរ តែអ្វីដែលច្បាស់នោះ ការប្រើអារម្មណ៍ដែលត្រូវបានរំខាន មកបញ្ចេញនោះ ស្ថានភាព និងទំនាក់ទំនងរបស់អ្នក ច្បាស់ជាមិនប្រសើរឡើងនោះទេ ថែមទាំងអាក្រក់លើសដើម។ ជំនួយសអោយការ បន្តោយអោយអារម្មណ៍អ្នក ត្រូវរំខានហើយប្តូរទៅជាអាក្រក់ ហើយយកវាមកប្រើសម្រាប់ ដោះស្រាយបញ្ហាណាមួយនោះ អ្នកគួរឈប់បន្តិច ហើយគិត។ អ្នកឃើញថាប្រពន្ធរបស់អ្នក ហាក់ដូចជាសប្បាយចិត្តណាស់ ដែលវាជារឿងល្អមួយ តើរាល់កែរមិនចុះសម្រុងគ្នាកន្លងមក អាចដោយសារតែអ្នក មានអារម្មណ៍មិនល្អខ្លួនឯងនិង ដោយសារតែការងារ និងការគិតមិនល្អផ្សេងៗទេ?

ចំពោះការចំណាយពេលវេលាដើម្បីគិតវិញ អ្នកមិនដឹងថា តើហេតុផលអ្វីបានជា ពួកគេទាំងពីរនិយាយសើចសប្បាយនោះទេ ហើយវាជាជម្រើសរបស់អ្នក ក្នុងការយល់ឃើញលើសកម្មភាពដែលស្តែងចេញនោះ។ ត្រង់នេះវាល្អមួយកម្រិតទៅហើយ ដោយសារតែអ្នកមិនបាន យកអារម្មណ៍មកបញ្ចេញលើស្ថានការនោះទេ ផ្ទុយទៅវិញអ្នកកំពុងតែត្រិះរិះហើយ។ ក្នុងខណៈនេះ អ្នកបានដឹងពីហេតុការណ៍ដែលកើតឡើង ហើយអ្នកលែងយកអារម្មណ៍ដែលត្រូវបានរំខាននោះ មកធ្វើជាអ្នកដឹកនាំលើសកម្មភាពរបស់អ្នកដែរ។ ប៉ុន្តែការរំខាននជីវិតរបស់អ្នក មិនទាន់ផុតអស់នោះទេ។  ការគិតរបស់អ្នក ក៏នៅតែអាចបង្កអោយមានការរំខាន ក្នុងជីវិតដែរ។ គិតថាប្រពន្ធកំពុងផិតក្បត អ្នកច្បាស់បង្កើតការរំខានជីវិតដោយមិនចាំបាច់។​ គិតថាអ្នកជិតខាង ចង់ដណ្តើមប្រពន្ធខ្លួន ក៏បង្កអោយមានការរំខានជីវិតដែរ។ ត្រង់នេះខុសពីសកម្មភាពដែលអ្នកដទៃធ្វើ ដោយសារវានៅក្រោមការគ្រប់គ្រងរបស់អ្នក។

ជីវិតរបស់មនុស្ស មានការរំខានយ៉ាងច្រើន ទាំងសម្តី និងកាយវិការរបស់អ្នកដទៃ។ សូម្បីតែក្មេងតូចម្នាក់ ស្រាប់តែរត់មកហក់អោបកអ្នក ក៏អាចបង្កជាការរំខានបានដែរ។ អង្គុយសុខៗ មានគេមកស្រែកដាក់ត្រជៀក ក៏ជាការរំខានជីវិតមួយដែរ។ ប្រការសំខាន់នោះ តើអ្នកអនុញ្ញាតអោយការរំខានទាំងអស់នោះ ចូលមកកែប្រែអារម្មណ៍ និងជីវិតរបស់អ្នកដែរឬទេ។ ការរំខានច្បាស់ជាមាន តែកុំអោយវាមានឥទ្ធិពលខ្លាំងលើអ្នកអី។ ត្រូវបានគេរំខានហើយ ក៏ត្រលប់ទៅសភាពដើមនៃសុភមង្គលអ្នកទៅ។ មិត្តភក្តិប៉ះដៃអោយខូច ការសរសេរដ៏ល្អឥតខ្ចោះមែនទេ? អ្នកត្រូវបានគេរំខានហើយ បន្តការសរសេរតទៀតទៅ។ ឃើញប្រពន្ធនិយាយលេងជាមួយកំលោះជិតខាងមែនទេ? ទិថភាពនេះពិតជារំខានខ្លាំងហើយ បើអ្នកមិនរវល់អីទេ ចូលរួមការសន្ទនានោះទៅ ដើម្បីអោយសប្បាយនឹងគេ ឬក៏ពេលក្រោយនិយាយពីរឿងដែលធ្វើអោយ ប្រពន្ធសើចសប្បាយនោះទៅ ដើម្បីអោយមានភាពរីករាយក្នុងគ្រួសារ។

ត្រុវហើយ គ្រប់រឿងទាំងអស់ វាមានការពិតណាមួយនៅពីក្រោយ ដែលយើងមិនអាចដឹងបានទេ។ ទោះជាសកម្មភាពដែលស្តែងចេញ គឺមានចេតនារំខានអ្នក ឬក៏គ្មាន ឬក៏មានហេតុអាក្រក់ណាមួយនៅពីក្រោយ អ្នកមិនបានដឹងនោះទេ។ អ្វីដែលអ្នកគួរពិចារណានៅពេលនេះគឺ មិនគួរអោយការរំខានទាំងឡាយ ដែលស្តែងចេញតាមសកម្មភាពនានា មកផ្លាស់ប្តូរអារម្មណ៍ ការគិត ឬក៏ជីវិតរបស់អ្នកនោះទេ។ ដោយសារតែសកម្មភាពដែលរំខានជីវិតទាំងនោះ ទោះបីជាអ្នកអាចមានឥទ្ធិពលលើខ្លះក៏ដោយក៏វាកើតឡើងដោយមិនស្ថិតក្រោម ការគ្រប់គ្រងរបស់អ្នកនោះទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។