ព័ត៌មាន រំខានជីវិត

មនុស្សជាច្រើនគិតថា​ ព័ត៌មានជាផ្នែកមួយសំខាន់ក្នុងសង្គម។ ពួកគេប្រហែលជាគិតត្រូវ តែយ៉ាងណាក៏ដោយ មិនមែនគ្រប់សារព័ត៌មានទាំងអស់ មានប្រយោជន៍សម្រាប់ជីវិតនោះទេ។ នៅពេលដែលអ្នកដទៃប្រាប់រឿងអ្វីមួយដល់អ្នក ដូចជានិយាយដើមគេដាក់អ្នក ក៏អាចរាប់ថាជាព័ត៌មាន (information) ។ រឯអ្វីដែលអ្នកអាននៅលើកាសែត ឬក៏បណ្តាញសង្គមនានា ក៏អាចហៅថាព័ត៌មាន (news)។ តើអ្នកមានដែលអង្គុយអានព័ត៌មាន ដែលគ្មានផ្តល់អ្វីដល់ជីវិតអ្នក ក្រៅតែអំពីការដឹងមួយមុខទេ? ដឹងពិតជាមានប្រយោជន៍តែដឹង បានត្រឹមតែដឹងមិនបានធ្វើអ្វី អោយមានន័យក្រោយពីដឹង ឬក៏ដឹងហើយបានត្រឹមតែរំខានជីវិត កើតជាក្តីទុក្ខវិញ កាន់តែគ្មានប្រយោជន៍ ហើយធ្វើអោយរំខានជីវិតកាន់តែខ្លាំងទៀត។ តើហេតុដូចម្តេចបានព័ត៌មានអានហើយ បានត្រឹមតែដឹង ឬបែរជារំខានជីវិតទៅវិញ? តើអ្នកមានដែលសំគាល់ពី អត្ថប្រយោជន៍របស់ព័ត៌មានទេ?

សុំពេលមួយភ្លែតនឹកឃើញដល់ ពេលវេលាមួយដែលយើង មិនសូវឃើញព័ត៌មាននោះទេ។ បើយើងរវល់តែផ្តោតលើការងារ ឬការសិក្សា ហើយមិនបានទាញកាសែតមកអាន ឬចុចបើកទូរទស្សន៍ចំម៉ោងនោះទេ យើងច្បាស់ជាមិនបានទទួលព័ត៌មាននោះឡើយ។ វាអាចធ្វើអោយយើងមិនដឹងរឿង តែយើងក៏មានការរំខានជីវិតតិចជាងមុនផងដែរ។ តែសម័យឥលូវមិនដូចពីមុននោះទេ។ សម័យនេះគេហៅថា សម័យព័ត៌មានវិទ្យា ក្រៅពីការរីកចម្រើនយ៉ាងលឿនរបស់ បច្ចេកវិទ្យា យើងទទួលបានព័ត៌មានកាន់តែច្រើនលើសលប់។ ប៉ុន្តែដោយសារតែព័ត៌មានច្រើនសន្ធឹកសន្ធាប់ វាធ្វើអោយយើងពិបាកក្នុងការបែងចែកថា ព័ត៌មានណាជាព័ត៌មានមានប្រយោជន៍ ហើយព័ត៌មានណាជាព័ត៌មានពិត។ រីឯអ្នកសរសេរព័ត៌មានវិញ គឺកាន់តែមានភាពមមាញឹកក្នុងការសរសេរ ព្រោះមានអ្នកសរសេរប្រកួតប្រជេងច្រើន និងមានរឿងរ៉ាវជាច្រើនដែលត្រូវសរសេរ។​

“បុរសម្នាក់បានចាក់សាំង ដុតផ្ទះខ្លួនឯងចោលដោយសារតែ… ” មួយឃ្លានេះប្រហែលជាស្រដៀងនឹង ចំណងជើងរបស់ព័ត៌មានមួយដែលអ្នកបានអានហើយថ្មីថ្មោង។ ជាមួយនឹងរូបភាពគួរអោយជក់ចិត្តផង អ្នកផងច្បាស់ជាចង់ចុចអានជាមិនខាន។ ដោយពឹងផ្អែកលើអត្ថបទ ដែលអ្នកនឹងអានក្នុងព័ត៌មានប្រភេទបែបនេះ។ អ្នកអាចអានចំព័ត៌មានដែលគេសរសេរ ដើម្បីបោកប្រាស់ ដោយយករូបគ្មានប្រភពមក ហើយក៏សរសេរអោយចេញជាព័ត៌មាន។ វាដូចទៅនឹងរឿងប្រឌិតមួយដូច្នេះដែរ។ ឬក៏អ្នកអានចំព័ត៌មាន ដែលគេសរសេរពីហេតុការដែលបានកើតឡើងមែន ប៉ុន្តែជាហេតុការដែលមិនពិតក្នុង ការសម្តែងរឿង ឬវីដេអូចម្រៀងជាដើម។ ក្នុងការណីខាងលើ បុរសនោះចាក់សាំងដុតផ្ទះខ្លួនឯង ក្នុងសាច់រឿងបទចម្រៀងណាមួយអញ្ចឹងទៅ។ មួយទៀតព័ត៌មាននោះពិតជាបានកើតឡើងមែន ប៉ុន្តែវាបានកើតឡើងបីឆ្នាំមុន ដូច្នេះវាក៏គ្មានប្រយោជន៍អីដែរ បើសិនជាអ្នកគ្រាន់តែអានប៉ុណ្ណឹង ព្រោះមកដល់សព្វថ្ងៃនេះ បុរសនោះប្រហែលជាសាងសង់ផ្ទះឡើងវិញរួចស្រេចក៏ថាបាន។ ប៉ុន្តែបើអ្នកជាអ្នកស្រាវជ្រាវ ឬធ្វើរបាយការណ៍ថា ប្រជាពលរដ្ឋដុតផ្ទះខ្លួនឯងសរុបអស់ប៉ុន្មានខ្នង វានឹងមានប្រយោជន៍ហើយ។ ចុងក្រោយនោះគឺព័ត៌មានខាងលើ កើតឡើងពិតមែន មិនមែនជារឿងបោក ឬក៏ការសម្តែង ហើយថែមទាំងកើតឡើងថ្មីៗទៀងផង។ អ្នកប្រហែលជាលាន់មាត់ថា អញ្ចឹងព័ត៌មាននោះ ច្បាស់ជាមានប្រយោជន៍ ហើយមិនមែនជាការរំខានជីវិតនោះទេ។ ទោះបីជាយ៉ាងនោះក្តី វាក៏នៅតែជាការរំខានជីវិតមួយដែរ។

ការអានព័ត៌មាន ដែលមិនបានកើតឡើង ជាការសម្តែង ឬព័ត៌មានចាស់យូរឆ្នាំ សុទ្ធសឹងតែបានត្រឹមតែ ចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ដោយសារតែអាណិតសមាជិកគ្រួសាររបស់បុរសនោះ ឬក៏ស្តាយឈើដែលសាងសង់ជាផ្ទះជាដើម។ ទាំងអស់នេះ សុទ្ធសឹងតែជាការរំខានជីវិតដែលគួរតែជៀសវាង។ រីឯព័ត៌មានដែលពិតជាកើតឡើងពិតមែន ហើយថែមទាំងថ្មីថ្មោងវិញ តើវារំខានជីវិតអ្នកដោយរបៀបណា? ស្រដៀងគ្នាដែរ គឺវាបានត្រឹមតែធ្វើអោយអ្នកខូចអារម្មណ៍ ដោយគ្មានបានផលអ្វីមកវិញសោះ។ ក្នុងឧទាហរណ៍នេះ អ្នកអាចប្រកែកថា អ្នកបានដឹងព័ត៌មានមួយ ដែលគេបានដុតផ្ទះចោល។ ប៉ន្តែសាកគិតឡើងវិញទៅមើល តើអ្នកជាអ្នកលក់ឈើធ្វើផ្ទះមែនទេ? ជាជាងធ្វើផ្ទះ? ឬក៏អ្នកពន្លត់អគ្គីភ័យ? ទៅបីជាជាងធ្វើផ្ទះ ក៏មិនប្រាកដថា បុរសដែលដុតផ្ទះនោះមកជួលអ្នកដែរ។ អ្វីដែលចង់បង្ហាញនោះគឺក្រៅអំពីដឹង អ្នកគ្មានបានប្រយោជន៍អ្វីសម្រាប់ជីវិតនោះទេ។ អ្នកក៏អាចគិតថា ហេតុអ្វីមិនគួរដឹង តើយើងគ្មានការអាណិតអាសូរចំពោះអ្នកដទៃ ដែលផ្ទះត្រូវឆេះនោះទេឬ? បើអ្នកមានគម្រោងផ្តល់ការឧបត្ថមសម្រាប់គ្រួសារនោះ ប្រហែលជាការអាណិតអាសូររបស់អ្នក មានប្រយោជន៍មែន។

នេះមិនមែនបានន័យថា គ្រប់ព័ត៌មានសុទ្ធតែគ្មានប្រយោជន៍នោះទេ។ បើអ្នកជាធ្វើរបរកសិកម្ម ការមើលព័ត៌មានព្យាករណ៍អុតុនិយម នោះព័ត៌មានដែលអ្នកបានមក ច្បាស់ជាបានមក ដោយសារអ្នកអាចយកវា មកជួយក្នុងការសម្រេចចិត្តដើម្បីធ្វើការសាបព្រោះជាដើម។ អ្នកអានព័ត៌មាន អំពីទូរស័ព្ទមួយគ្រឿង ដែលអ្នកចង់ទិញថា ថាមពលថ្មរបស់វាកាន់មិនបានយូរ ដូច្នេះព័ត៌មាននោះពិតជាមានប្រយោជន៍ហើយ ដោយសារវាមានឥទ្ធិពលលើការទិញទូរស័ព្ទរបស់អ្នក។ ឬក៏អ្នកអានព័ត៌មានអំពីការបិទផ្លូវ ឬផ្តាច់ទឹក ឬការផ្ទុះជំងឺកូវីដ វាសុទ្ធតែមានប្រយោជន៍ ដោយសារវាបានជួយអោយអ្នក សម្រេចចិត្តក្នុងការធ្វើអ្វីមួយក្នុងជីវិតរបស់អ្នក។ យ៉ាងណាមិញ បើការអានពីព័ត៌មានឆេះផ្ទះនៅទីឆ្ងាយ អនុញ្ញាតអោយអ្នក រកវិធីសាងសង់ផ្ទះ ដែលដុតមិនឆេះបាន នោះព័ត៌មាននោះច្បាស់ជាមានប្រយោជន៍ ហើយមិនមែនជាការរំខានជីវិតមួយទេ។

រីឯព័ត៌មានល្អៗវិញ ដូចជាការជោគជ័យលើអ្វីមួយ បើទោះជាវាមិនមែនអ្វីទាក់ទងនឹងជីវិតអ្នកក៏ដោយ ក៏វាអាចធ្វើអោយអ្នកសប្បាយចិត្ត ហើយការដែលអ្នកសប្បាយចិត្ត វាជួយអោយអ្នកធ្វើអ្វីៗបានល្អ នោះវាជារឿងល្អមួយ ដែលមិនមែនជាការរំខានជីវិតនោះទេ។ ប៉ុន្តែមិនមែនគ្រប់ព័ត៌មានល្អ មិនបានរំខានជីវិតអ្នកទេ ដូចជាព័ត៌មានគេឈ្នះរង្វាន់ម៉ូតូ ក្រោយពីផឹកខារាបាវ។ ឃើញបែបនេះអ្នកអាចបែរជាមានអារម្មណ៍អន់ចិត្ត ដោយសារផឹកអស់ច្រើនកំប៉ុងហើយមិនឈ្នះនឹងគែ រក៏ធ្វើអោយអ្នកបែកគំនិត ទិញខារាបាវផឹកអោយឈ្នះដូចគេ រហូតទៅជាកើតជំងឺទឹកនោមផ្អែម ដែលចុងក្រោយ រំខានជីវិតកាន់តែខ្លាំង។

ភាគច្រើនព័ត៌មានដែលអ្នកអាន ឬមើល សុទ្ធតែគ្មានអ្វីទាក់ទងនឹងជីវិតរបស់អ្នកទាល់តែសោះ ដូច្នេះវាមិនបានផ្តល់ប្រយោជន៍អ្វីក្រៅពីដឹង។ គឺដឹងហើយមិនអាចធ្វើអ្វីបាន ដឹងហើយបានត្រឹមតែកើតអារម្មណ៍សៅម៉ង ឬរន្ធត់តក់ស្លុតជាដើម។ មិនថាព័ត៌មានបែបណានោះទេ អ្នកច្បាស់ជាអាចពិចារណាថា តើអានទៅវាបានផ្តល់ប្រយោជន៍អ្វីឬទេ។ បើគ្មានប្រយោជន៍ ហើយបានដត្រឹមតែដឹងនោះ វាមិនមែនជាមូលហេតុល្អគ្រប់គ្រាន់ សម្រាប់អោយអ្នកអានបន្តទៀតនោះទេ។ ការដែលអ្នកសម្រេច់ចិត្តអានអត្ថបទនេះ បានន័យថា អ្នកបានចំណាយពេលប៉ុន្មាននាទី មិនអានព័ត៌មាន ហើយងាកអានអ្វីមួយ ដែលធ្វើអោយអ្នកដឹងហើយ កែសម្រួលទង្វើរបស់អ្នក ដើម្បីកាត់បន្ថយការរំខានក្នុងជីវិត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។