ធ្វើជាអ្នកគ្រប់គ្រង ខ្សែរជីវិតរបស់ខ្លួន

ជីវិតមនុស្សសាមញ្ញណាស់។ មានសើច មានយំ មានជោគជ័យ ​មានបរាជ័យ។ រឿងមួយដែលសំខាន់ក្នុងជីវិត គឺខំធ្វើអ្វី​ដោយខ្លួនឯង បង្កើតដោយខ្លួនឯង មិនមែនទៅតាមអ្វី ដែលកើតឡើងហើយ បាន​ឆ្លើយតប​ទៅ​វិញ​នោះ​ទេ។ ផ្កាដែល​ដុះ​មកហើយនោះ វានឹងទោរទន់ទៅជើង បើខ្យល់បក់មកពីត្បូង។ តែជីវិតយើង មិន​មែន​ផ្កា​ទេ។

យើរងរស់នៅសព្វថ្ងៃ ដោយសមញ្ញនេះ មានរឿង២ ដែលកើតមាន។ ទីមួយនោះដូចខ្យល់បក់ផ្កា ហើយ​ផ្កា​ប្រតិកម្ម​ទៅ​​តាម​កំលាំងនៃខ្យល់នោះ។ យើងមិនបានចាប់អារម្មណ៍ទេ តែ​មានរឿងជាច្រើន ធ្វើអោយ​យើង​ដូច​ផ្កា​អញ្ចឹង។ ភ្ញាក់ឡើងឃើញ​ ព័ត៌មានក៏មានប្រតិកម្ម (ភ័យខ្លាច ពេលឃើញវីរុសកាចសាហាវ)។ ហើយ​ពេល​ភ័យ​ទៅ ក៏មានប្រតិកម្មជាមួយអារម្មណ៍ណឹងទៀត (ធ្វើអ្វីមិនត្រូវ ព្រោះភិតភ័យ)។ ហើយដល់ថ្ងៃណឹង ប្រពន្ធ​កូន​បញ្ចេញ​សកម្មភាពយ៉ាងណា ក៏មានប្រតិកម្មទៀត។ ចេញពីផ្ទះស្ទះផ្លូវ ក៏មានប្រតិកម្ម។ ដល់កន្លែងធ្វើការ ការងារ​ច្រើន ក៏មានប្រតិកម្ម។ និយាយទៅមួយថ្ងៃៗគឺសុទ្ធ​តែយើង មានប្រតិកម្មទាំងអស់។

ហើយរឿងទី២ គឹយើងអ្នកធ្វើគម្រោង អ្នករៀបចំ បង្កើតអោយវាកើតឡើង។ យើងបានរៀបចំហើយ ថា​ភ្ញាក់​ឡើង​យើង​សប្បាយចិត្ត ថើបប្រពន្ធថើបកូន។ ជិះតាមផ្លូវ មានអារម្មណ័ស្រស់ថ្លា មិនរំខាន​ទោះបី​ជា​ស្ទះ​ផ្លូវ​ក៏ដោយ។ ដល់កន្លែង​ធ្វើការ ធ្វើការដោយផ្ចិតផ្ចង់ មិនគិតរឿងការងារតិចច្រើន ។ល។ ពេលដែលជីវិតយើង ក្លាយជាដំណើរការនៃការបង្កើត យើង​នឹងជួប្រទះបទពិសោធន៍ថ្មីៗជាច្រើន ដែលធ្វើអោយយើងដឹងថា យើងនេះហើយ​ជា​អ្នក​ដាក់ ខ្លឹមសារអោយជីវិត។

គួរចាប់ពិនិត្យពាក្យទាំង ២​ គឺ ប្រតិកម្ម (reaction) និង ការបង្កើត (creation)។ ទាំង​ពីរ​នេះ​វាធ្វើអោយ​ជីវិត​ យើងខុសគ្នាស្រលះ។ មិនគួរចាំតែបញ្ចេញ សកម្មភាពអ្វីមួយ ទៅតាមអ្វីដែលកើតឡើង ចំពោះជីវិតអ្នក។ អ្នកត្រូវរៀបចំ និងបង្កើតវិញ រួចហើយអោយ ជីវិតនេះឆ្លើយតបមកយើងវិញ។ ការបង្កើតនេះផ្តល់ខ្លឹមសារអោយជីវិត ហើយ​យើង​ជា​អ្នកគូសវាស ដំណើរ​រឿងក្នុងជីវិតរបស់យើង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។