ធ្វើសកម្មភាពមួយ ដែលជម្រុញទឹកចិត្តអ្នក

អ្នកទាំងអស់គ្នា ប្រហែលជាធ្លាប់មើលប្រដាល់ហើយ។ មុនពេលប្រដាល់ កីឡាករតែងតែរាំ ក្បាច់ផ្សេងៗ​ដើម្បី​រំលឹកគុណ​គ្រូ។ ការរាំបែបនេះជាវិធីសាស្រ្តមួយ សម្រាប់កំដៅសាច់ដុំផង និងជម្រុញកម្លាំងចិត្ត ពង្រឹង​ខ្លួន​ត្រៀម​ប្រដាល់ផង។ អ្នកអាចយកវិធីមួយនេះ មកអនុវត្តបានដើម្បីជម្រុញទឹកចិត្តអ្នក។

ពេលខ្លះអ្នកស្មុខស្មាញពេក មិនចង់ធ្វើអី ឬក៏គិតរកធ្វើអីមិនចេញ អ្នកអាចចាប់ផ្តើមធ្វើ សកម្មភាពណាមួយ ដែលអាចបំផុសទឹកចិត្តអ្នក។ ដូចដែលគេថា ការធ្វើអ្វីមួយហើយ គឺជម្រុញអោយអ្នក មានការធ្វើអ្វីផ្សេងទៀត។ ពេលដែលទាល់ច្រកហើយ វិធីនេះប្រាកដជាជម្រុញអោយអ្នក រកឃើញផ្លូវដោះស្រាយ និងដឹងថាត្រូវធ្វើអ្វី។ វា​ដូចជា​បញ្ឆេះម៉ាស៊ីនអញ្ចឹង អ្នកមិនទាន់​ដឹងថាធ្វើអីទេ តែពេលបញ្ឆេះហើយ អ្នកប្រាកដជាទៅមុខហើយ។

អ្នកលេងកីឡាបាល់បោះម្នាក់ បញ្ឆេះម៉ាស៊ីនគាត់ ដោយបោះបាល់ចូលកន្ត្រកចំនួន ២០០ ដង។ ទោះ​ជា​គូ​ប្រកួត​ខ្លាំង​ខ្សោយយ៉ាងណា ក៏គាត់បោះ អោយគ្រប់ ២០០ដងដែរ មិនមែន ២០ មិនមែន ៥០ គឺ​ ២០០។ អោយតែ​គាត់បោះចូលគ្រប់ ២០០ដងរួចហើយ សតិអារម្មណ៍គាត់ គឺ​ចាប់​ផ្តើម​ឆេះ​ដូចម៉ាស៊ីន​ហើយ​ ព្រមទាំងត្រៀមរួចរាល់ សម្រាប់ផ្តួលគូប្រគួត។

រីឯអ្នកនិពន្ធចម្រៀងម្នាក់វិញ គាត់ជាអ្នកនិពន្ធយ៉ាងពូកែ។ តែពេលខ្លះគាត់ក៏ស្ទះគំនិត មិន​ដឹង​ថា​អាច​ត្រូវសរសេរ​អ្វី គាត់តែងតែ​ បើកឡានរបស់គាត់ ក្នុងចម្ងាយយ៉ាងឆ្ងាយ ហើយគាត់ចេះតែបើកទៅ លើ​ផ្លូវ​ដែល​មាន​តែ​ធម្មជាតិព្រៃព្រឹក្សា​។​ កាលគាត់​បើកទៅ ដូចបញ្ឆេះម៉ាស៊ីនអញ្ចឹង គំនិតផ្សេងៗក៏កើតមានឡើង ហើយ​គាត់​ក៏​ដោះស្រាយ​បញ្ហារបស់គាត់បាន ព្រមទាំងរកឃើញថាត្រូវសរសេរអ្វីបន្ត។

យើងអាចស្វែងរកសកម្មភាពផ្ទាល់របស់យើង មិនថាស្តាប់ចម្រៀង មិនថារត់ មិនថាអង្គុយគូសដី សុទ្ធ​តែ​ជា​វិធីសាស្រ្ត​ផ្ទាល់ខ្លួន​របស់យើក្នុងការ បញ្ឆេះម៉ាស៊ីន។ ពេលអ្នកមានសកម្មភាពមួយហើយ សូម​ធានា​ថា​វា​នឹង​ជួយ​អ្នក​នៅពេល​ដែល អ្នកត្រូវការវា។ លោក ម៉ាទីន លូធើ ឃីង គាត់និយាយថា “ធ្វើជាសិល្បករក្នុងការងារដែលអ្នកធ្វើ មិន​ថា​អ្នក​បោសសម្រាមតាមផ្លូវ ក៏​ត្រូវតែជាអ្នកបោសសម្រាម ដែលពោរពេញដោយសិល្បៈដែរ”៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។