គួរឈប់ជឿថា យើងមិនអាចបង្កើតស្នេហា ដែលផ្អែមល្ហែម

គួរឈប់ជឿថា យើងមិនអាចបង្កើតស្នេហា ដែលផ្អែមល្ហែម ។​ តើពេលណាដែលអ្នកបានមើលភាពយន្តស្នេហា ឬអានរឿងប្រលោមលោកមនោសញ្ចេតនា? កាលពីប៉ុន្មានសប្តាហ៍មុន? ពីរបី​ឆ្នាំមុន? ទោះជាយ៉ាងណាអ្នកប្រហែលជា ស៊ាំជាមួយសាច់រឿងដែល៖ តួប្រុសជួបតួស្រី ហើយពួកគេលង់ស្រលាញ់គ្នាយ៉ាងខ្លាំង ហើយពួកគេមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ។

គំនិតដែលថា យើងមិនជ្រើសរើសមនុស្សដែលយើងស្រលាញ់ មិនត្រឹមតែមាននៅក្នុងសៀវភៅ និងភាពយន្តទេ តែមនុស្សជាច្រើនក៏រំពឹងថា ទំនាក់ទំនងស្នេហាផ្ទាល់ខ្លួន គឺបែបនេះឯង គឺមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែការទទួលយកថាយើងមិនអាចគ្រប់គ្រងនេះ នឹងបញ្ឈប់យើងមិនអោយមានស្នេហាដោយចេតនា។ វារារាំងយើងមិនឱ្យចំណាយពេល ដើម្បីរកឱ្យឃើញនូវអ្វី ដែលយើងត្រូវការពីដៃគូ និងអ្វីដែលយើងអាចផ្តល់ជូនដៃគូរវិញ។ ការសម្រិតសម្រាំងក្នុងស្នេហា ផ្តល់ឱ្យយើងនូវការជ្រើសរើសដៃគូ ដែលប្រៀបដូជជាពន្លឺសម្រាប់យើង ហើយការនៅជាមួយម្នាក់នោះ គឺធ្វើអោយយើងរីកចម្រើនទៅថ្ងៃមុខ។

ការជឿថាយើងគ្មានជំរើស សម្រាប់ជ្រើសរើសដៃគូស្នេហា មិនមែនជាគំនិតតែមួយគត់ ដែលលោតចេញពីអេក្រង់មកចូលក្នុងជីវិតរបស់យើងទេ។ មនុស្សជាច្រើនក៏ស្វែងរក ភាពរំជើបរំជួល និងភាពងាយស្រួលក្នុងទំនាក់ទំនងស្នេហាដែលបានបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយដែរ។ ពួកគេយល់ច្រលំថា អារម្មណ៍ទាំងនោះជាស្នេហា ហើយក៏មានអារម្មណ៍ខកចិត្ត នៅពេលដែលវាមិនថិតថេរ។

ឧបមាថាមានមនុស្សពីរនាក់បានជួបគ្នា ហើយបានចាប់ចិត្តគ្នាទៅវិញទៅមកភ្លាមៗ។ ការចាប់ផ្តើមនៃទំនាក់ទំនងរបស់ពួកគេ គឺគ្មានការប្រឹងប្រែង និងពោរពេញទៅដោយភាពរំភើប។ ទីបំផុតពួកគេចាប់ផ្តើមស្គាល់គ្នា ហើយប្រឈមមុខនឹងភាពមិនល្អឥតខ្ចោះ និងការលំបាកផ្សេងៗ។ ប្រហែលជាដៃគូម្ខាងគ្មានទំនុកចិត្តតាំងពីក្មេង ឬម្នាក់ទៀតមានបញ្ហាក្នុងការបើកចំហ និងទំនាក់ទំនង។ ប៉ុន្តែស្នេហាគួរតែងាយស្រួល!​ មែនទេ? ដូច្នេះហើយ ជាជាងដោះស្រាយតាមរយៈបញ្ហាទាំងនេះ ពួកគេទាំងពីរក៏បោះបង់ចោលទំនាក់ទំនងនោះ ហើយសម្រេចចិត្តថា វាគ្មានន័យអ្វីនោះទេ។

ការធ្វើបែបនេះ រារាំងសេចក្តីស្រឡាញ់មិនអោយអភិវឌ្ឍន៍។ យើងអាចទទួលបាននូវក្តីស្រឡាញ់ពិត ប្រសិនបើយើងមើលឃើញគ្នា ក្នុងនាមជាខ្លួនយើងពិតប្រាកដ ហើយប្តេជ្ញាថានឹងធ្វើគ្រប់យ៉ាង ដើម្បីរីកចម្រើនទៅមុខជាមួយគ្នា ទោះបីជានៅក្នុងពេលវេលាដែលលំបាកលំបិនក្តី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។