ឪពុកម្តាយរឹងមាំ ជំរុញការទទួលខុសត្រូវ និងការតស៊ូ

មិនថានៅទីណា អ្នកឃើញមានដំបូន្មានអំពី ការជួយកូនអ្នក ឱ្យមានរូបរាងស្អាត។ ប៉ុន្តែចុះយ៉ាងណាចំពោះ ប្រភេទកាយសម្បទាសំខាន់ៗដទៃទៀតដូចជា សុខុមាលភាពផ្លូវចិត្ត ឬអារម្មណ៍? ក្នុងជីវិត​មានប្រការ​តិច​តួចណាស់ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សម្នាក់ច្រើន ដូចការរៀនឱ្យមានកម្លាំងចិត្តរឹងមាំ។កុមារ​ដែល​មាន​សតិ​រឹងមាំ តែបង្វែរឧបសគ្គទៅរកឱកាស ហើយប្រឈមនឹងការលំបាក ដោយ​មិន​មាន​អារម្មណ៍​ថា សោក​ស្តាយ​ឬអាណិតខ្លួនឯង។ ដូច្នេះ តើវិធីណាដែលល្អបំផុត ដើម្បីចិញ្ចឹមកូនអោយរឹងមាំ ខាង​សតិ​អារម្មណ៍? គឺតាមរយៈ ការអនុវត្តទម្លាប់ល្អដោយខ្លួនឯង ទើបធ្វើឱ្យអ្នក មានសមត្ថភាព បញ្ជូនការអនុវត្ត​ទាំង​អស់​​នោះ ទៅអោយកូនរបស់អ្នកបាន។

ឧទាហរណ៍ វាជារឿងធម្មតាទេ ដែលចង់ការពារកូនរបស់អ្នក នៅពេលពួកគេធ្វើខុស។ សម័យ​បណ្តាញសង្គម បាននាំឱ្យឪពុកម្តាយជាច្រើន លើកទឹកចិត្តដល់ ការមានអារម្មណ៍ជាអ្នករងគ្រោះ ក្នុងការឆ្លើយតប ទៅ​នឹង​ការលំបាក។ ឪពុកម្តាយរឹងមាំ មិនធ្វើបែបនេះទេ។ អ្នកចង់ឱ្យកូនរបស់អ្នក មានអំណាចដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងជីវិត ជាជាងមើលឃើញខ្លួនឯង ថាជាជនរងគ្រោះ។

សូមយកឧទាហរណ៍ពី កុមារា ខូឌី ដែលមានអាយុ ១៤ឆ្នាំ ដែលត្រូវបានគេចេញវេជ្ជបញ្ជា ឱ្យប្រើថ្នាំ ADHD  ។ គ្រូរបស់គាត់បានរាយការណ៍ថា ជាលទ្ធផល គាត់មានភាពស្ងប់ស្ងាត់ និងយកចិត្តទុកដាក់ជាងមុន ប៉ុន្តែការរៀនសូត្ររបស់គាត់ មិនប្រសើរឡើងនោះទេ។ ឪពុកម្តាយរបសគាត់ ធ្វើយ៉ាងដូចម្តេច? គឺដើម្បីទាមទារឱ្យ គាត់ទទួលបានការងារក្នុងថ្នាក់ តិចជាងមិត្តភក្តិរបស់គាត់។

បន្ទុកការងារក្នុងថ្នាក់របស់ កុមារាខូឌី មិនមែនជាបញ្ហាទេ។ គាត់បានកើតសតិមួយ ដែលអ្នកស្រាវជ្រាវហៅថា “ការរៀនអស់សង្ឃឹម” គឺគាត់ជឿជាក់ថា ជំងឺADHDរបស់គាត់ ធ្វើឱ្យគាត់គ្មានសមត្ថភាព ហើយ​ឪពុក​ម្តាយ​របស់គាត់ បានជួយពង្រឹងគំនិតនេះ ដោយទាមទារការងារតិចជាងមុន។ នៅ​ពេល​​ពួក​គេ​​ចាប់​​ផ្តើមចាត់ទុកថា គាត់មានសមត្ថភាព ក្នុងការទទួលខុសត្រូវលើការងារផ្សេងៗ គាត់ក៏បានចាប់ផ្តើមខិតខំ ហើយ​ចំណាត់​ថ្នាក់​របស់​គាត់ បានប្រែប្រួលទៅជាល្អជាងមុន។

ឪពុកម្តាយរឹងមាំ ក៏មិនអនុញ្ញាតឱ្យកូនរបស់ពួកគេ គេចពីការទទួលខុសត្រូវផងដែរ។ ជំនួសការឱ្យកូនរបស់អ្នក ស្តីបន្ទោសអ្នកដទៃ ចំពោះបញ្ហារបស់គាត់ អ្នកគួរធ្វើឱ្យគាត់ទទួលខុសត្រូវ ហើយឱ្យគាត់ប្រឈមមុខនឹង ផល​វិបាក​នៃ​សកម្មភាព​របស់​គាត់។ បើអ្នកមិនធ្វើដូច្នេះ តើគាត់ត្រូវរៀនទ្រាំទ្រ​នឹងភាពអយុត្តិធម៌ ដែល​មិន​អាច​ជៀស​ផុត​ក្នុងជីវិត ដែលយ៉ាងដូចម្តេច? ទោះបីនៅផ្ទះ អ្នកក៏អាចជួយកូនអ្នកបានដែរ។ គឺចាត់ឱ្យគាត់ មាន​ទំនួល​ខុសត្រូវ​លើការងារផ្ទះ។ ដោយការស្រាវជ្រាវមួយបង្ហាញថា ក្មេងដែលត្រូវធ្វើកិច្ចការតាំងពីក្មេងមក នឹង​ក្លាយ​ជា​មនុស្សពេញវ័យ ដែលទទួលជោគជ័យ ចេះយល់ចិត្ត និងចេះពឹងផ្អែកលើខ្លួនឯង។

ហើយឱ្យគាត់ ចេះ​ដោះស្រាយ​បញ្ហា​ដោយខ្លួនឯងផងដែរ។ យោងទៅតាមអ្នកជំនាញសង្គមវិទ្យា លោក ស្ទីវិន ហឺវីត, កុមារត្រូវដោះស្រាយជំលោះដោយខ្លួនឯង ក្នុងកំឡុងពេលលេងដោយគ្មានអ្នកបង្គាប់។ ប្រសិនបើពួកគេ តែងតែពឹងផ្អែកលើមនុស្សពេញវ័យ ដើម្បីជួយធ្វើអន្តរាគមន៍ ពួកគេអាចនឹងបន្ទោសអ្នកដទៃ។

ចុងក្រោយ បង្រៀនកូនអ្នកឱ្យជ្រើសរើសគំនិតពិត ជាជាងប៊្លូ (BLUE*)។ គំនិតប៊្លូ គឺជាគំនិតមួយដែលអ្នក បន្ទោសអ្នកដទៃ, រកមើលព័ត៌មានអាក្រក់, ការស្មានដែលមិនសប្បាយចិត្ត (នោះគឺសន្មតថាអ្វីៗ អាក្រក់បំផុត) ហើយនឹងមានអវិជ្ជមានយ៉ាងខ្លាំង។ ផ្ទុយទៅវិញ គំនិតពិត គឺពាក់ព័ន្ធនឹងការទទួលយកទំនួលខុសត្រូវ, ចង្អុលបង្ហាញពីចំណុចល្អ, ធ្វើសកម្មភាព និងស្វែងរកករណីលើកលែង។

BLUE: Blame other, Look for the bad news, Unhappy guessing, Exaggeratedly negative

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។