កុំចិញ្ចឹមបីបាច់កូន ដោយប្រើការគេចវេស

ប្រសិនបើអ្នកធ្លាប់ព្រួយបារម្ភថា អ្នកមិនមែនជាឪពុកម្តាយល្អ អ្នកមិនមែនម្នាក់ឯងទេ! ម្តាយ ៩៤% ដែលត្រូវបានស្ទង់មតិដោយ មជ្ឈមណ្ឌលកុមារ ​បានរាយការណ៍អំពី “ពិរុទ្ធភាព (អារម្មណ៍ថាខ្លួនខុស)”។ ប៉ុន្តែសម្រាប់ឪពុកម្តាយ ការព្រួយបារម្ភច្រើនពេក ថាខ្លួនជាឪពុកម្តាយអាក្រក់ អាចនាំឱ្យមានកំហុសធំមួយគឺ ប្រៀនប្រដៅកូនៗ ដោយយក ពិរុទ្ធភាពជាគ្រឿងនាំផ្លូវ។

ពិរុទ្ធភាព អាចលើកទឹកចិត្តឪពុកម្តាយ ឱ្យបំពេញតាមការទាមទាររបស់កូនៗ ដែលអនុញ្ញាតឱ្យពួកគេ ជៀសវាងការមានអារម្មណ៍ថាខុស នៅខណៈពេលនោះ។ យកករណីរបស់ លោកចូ៖ កូនប្រុសរបស់គាត់ឈ្មោះមីកា មានទំងន់ជាង ១០០គីឡូ។ ស្របពេលដែល លោកចូ មានពិរុទ្ធភាព ចំពោះការធ្វើអោយកើតទម្លាប់ នៃការញ៉ាំមិនល្អរបស់មីកា គាត់កាន់តែមានការលំបាក ក្នុងការប្រឈមមុខចំពោះពិរុទ្ធភាព នៅពេលដែលមីកាបានអង្វរ និងយំ សុំញ៉ាំចំណីអាហារដែលមិនល្អ។

ដូច្នេះ តើឪពុកម្តាយគួរគ្រប់គ្រងពិរុទ្ធភាព របស់ពួកគេយ៉ាងដូចម្តេច? វាអាស្រ័យលើថា តើវាមានហេតុផលល្អ និងអាចទទួលបានឬក៏អត់។ បើដូច្នោះមែននោះ អ្នកគួរតែផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក។ លោកចូបានរៀនអត់ធ្មត់ ចំពោះពិរុទ្ធភាព នៅពេលកំណត់របបអាហារមីកា ដោយដឹងថាគាត់នឹងមាន វិប្បដិសារីនៅពេលក្រោយ បើគាត់អនុញ្ញាតឱ្យសុខភាពរបស់មីកា កាន់តែអាក្រក់ទៅៗ។

ប៉ុន្តែប្រសិនបើពិរុទ្ធភាព មិនមានហេតុផលល្អទេ ក៏កុំធ្វើឱ្យកើតទៅជាមហន្តរាយដែរ។ ដោយសារតែអ្នកមិនអាច មានលទ្ធភាពទិញទូរស័ព្ទទំនើបអោយកូនអ្នក មិនមានន័យថា គេនឹងក្លាយជាមនុស្សមិនចុះចំណោមគេទេ។ ហើយចងចាំថា ត្រូវអត់ទោសឱ្យខ្លួនឯង។ អ្នកជាគំរូសម្រាប់កូនអ្នក ដូច្នេះអ្នកមិនចង់អោយគាត់ រៀនបន្ទោសខ្លួនឯងពីអ្នកទេ។

ជាអកុសល ឪពុកម្តាយជាច្រើនព្យាយាម ប្រយុទ្ធប្រឆាំងនឹងពិរុទ្ធភាព និងការព្រួយបារម្ភ តាមរយៈការចិញ្ចឹមបីបាច់កូន ជាមួយការភ័យខ្លាច។ អ្នកនាងមេសា មានប្អូនប្រុសលង់ទឹក កាលពីនៅក្មេង។ នៅពេលនាងមានកូន នាងប្រើគ្រប់វិធីដើម្បី ឱ្យពួកគេនៅឆ្ងាយពីទឹក។ មានន័យថាពួកគេ មិនដែលរៀនហែលទឹកទេ។ ថ្ងៃមួយនៅផ្ទះមិត្តភ័ក្ត្រម្នាក់ កូនរបស់នាងបានដើរ ចូលទៅក្នុងអាងទឹកអ្នកជិតខាង។ អ្នកជិតខាងបានជួយសង្គ្រោះគាត់ ប៉ុន្តែអ្នកនាងមេសា បានកើតការតក់ស្លុតសារជាថ្មី។ នៅទីបំផុតនាងបានដឹងថា​ ដើម្បីធានាសុវត្ថិភាពរបស់កូនៗ នាងចាំបាច់ត្រូវបង្រៀនពួកគេ ពីរបៀបហែលទឹក។

នៅពេលកូនរបស់អ្នកធំឡើង ហើយឈានចូលវ័យជំទង់ សូមលើកទឹកចិត្តឱ្យគេ ធ្វើអ្វីៗក្រៅភាពសុខស្រួលរបស់គេ។ កុំឱបក្រសោបពួកគេ ហើយអនុញ្ញាតឱ្យពួកគេរៀនពឹងផ្អែកលើខ្លួនឯង។ ការស្រាវជ្រាវបានរកឃើញថា ការការពារកូនៗហួសហេតុពេក បណ្តាលឱ្យមានរឿងមិនល្អ ដែលធ្វើអោយយុវជន អាយុ ២០ឆ្នាំប្លាយ វិលត្រឡប់ទៅនៅជាមួយឪពុកម្តាយ វិញពីព្រោះពួកគេមិនមានសមត្ថភាព ក្នុងការផ្លាស់ប្តូរទៅជាមនុស្សពេញវ័យទេ។

មេរៀននៅទីនេះគឺថា អ្នកគួរតែបង្រៀនកូនរបស់អ្នក នូវជំនាញដែលពួកគេត្រូវការ ដើម្បីរីកចម្រើន ជាជាងការព្យាយាមការពារពួកគេ ពីពិភពលោកខាងក្រៅ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។