ឪពុកម្តាយល្អ ត្រូវយល់ពីភាពខុសគ្នារវាងវិន័យ និងការដាក់ទណ្ឌកម្ម

ឪពុកម្តាយល្អ ត្រូវយល់ពីភាពខុសគ្នារវាងវិន័យ និងការដាក់ទណ្ឌកម្ម ការចិញ្ចឹមបីបាច់កូន ត្រូវការថាមពលច្រើន។ នៅពេលអ្នកទាល់ច្រក អ្នកអាចត្រូវបានល្បួង ឱ្យងាកទៅរកវិធានការណ៍ដែលងាយស្រួល និងលឿនបំផុត ដើម្បីឱ្យកូនរបស់អ្នកធ្វើតាម – ដូចជាការស្រែក ដាក់ទណ្ឌកម្ម ឬការធ្វើឱ្យអាម៉ាស់មុខ។

ប៉ុន្តែតើការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ខាតបង់អ្វីខ្លះ? ឧទាហរណ៍ ការវាយដំត្រូវបានបង្ហាញថាបង្កើន អត្តចរិតកោងកាច, បញ្ហាអាកប្បកិរិយា និងបញ្ហាសុខភាពផ្លូវចិត្ត។ ហើយកុមារដែលត្រូវគេស្រែកដាក់ ឬធ្វើឱ្យអាម៉ាស់មុខជាសាធារណៈ ក្លាយជាអ្នកពូកែភូតភរ និងធ្វើការសម្រេចចិត្តមិនល្អ។

វិធីសាស្រ្តឃោរឃៅទាំងអស់នេះ មានចំណុចរួមដូចគ្នាគឺ៖ ពួកវាផ្តោតលើកំហុសរបស់កូនអ្នក។ ផ្ទុយទៅវិញ វិន័យល្អ ផ្តោតលើការរៀនសូត្រ និងការកែលំអ។ ការបង្កើតវិន័យនេះ បង្រៀនកូនរបស់អ្នក កុំអោយគេចវេសពីការដាក់ទណ្ឌកម្ម ប៉ុន្តែត្រូវតស៊ូដើម្បីបានរង្វាន់មួយ។

ដូច្នេះតើអ្នកគួរចាប់ផ្តើមនៅទីណា? គឺជាមួយនឹងឧទាហរណ៍ច្បាស់លាស់ នៃតំណាងអំណាចវិជ្ជមាន។ ព្យាយាមសរសេរពិពណ៌នា អំពីចៅហ្វាយនាយល្អបំផុត ដែលអ្នកធ្លាប់មាន ដោយផ្តោតលើតែអ្វី ដែលធ្វើឱ្យពួកគេក្លាយជាអ្នកដឹកនាំល្អ ឧទាហរណ៍ពួកគេ មានការរំពឹងទុកច្បាស់លាស់។ បន្ទាប់មកអនុវត្តគុណសម្បត្ដិទាំងនោះ ក្នុងការធ្វើជាឪពុកម្តាយ។ ការរំពឹងទុកយ៉ាងច្បាស់លាស់ អាចនឹងប្រែទៅជាច្បាប់មឺងម៉ាត់ និងលទ្ធផលសមហេតុផល។ ប្រព័ន្ធរង្វាន់លើកទឹកជិតច្បាស់លាស់ ក៏អាចជួយបានផងដែរ។

រឿងមួយទៀត ដែលឪពុកម្តាយរឹងមាំខាងផ្លូវចិត្តត្រូវធ្វើគឺ ជៀសវាងការដោះស្រាយលឿនៗ។ តើអ្នកធ្លាប់ឃើញខ្លួនឯងដើរផ្លូវកាត់ ទាក់ទងនឹងបញ្ហាដូចជាការចុះចាញ់ ពេលកូនស្រែកយំ រឺសំអាតបន្ទប់រញ៉េរញ៉ៃ ពេលកូនមិនព្រមធ្វើ? ឬតើអ្នកប្រើផ្លូវកាត់ទាក់ទងនឹងអារម្មណ៍ ដើម្បីបំបាត់ភាពតានតឹងជាបណ្តោះអាសន្ន ដូចជាការនាំក្រុមគ្រួសារទៅឧទ្យាន ដើម្បីដោះស្រាយភាពស្មុគ្រស្មាញដែលមាន?

ជាអកុសល វិធីសាស្ត្រទាំងពីរនេះ បង្រៀនកូនអ្នកឱ្យដើរផ្លូវកាត់ ពេលជួបនឹងស្ថានភាពលំបាក។

ផ្ទុយទៅវិញ បង្ហាញកូនរបស់អ្នក អំពីសារៈសំខាន់នៃការតស៊ូ។ ជួយពួកគេអោយ កំណត់គោលដៅ ឧទាហរណ៍ដូចជា ការអានសៀវភៅក្នុងចំនួនណាមួយ នៅពេលវិស្សមកាល។ យោងទៅតាមអ្នកស្រាវជ្រាវស្ទែនហ្វដ ក្មេងដែលចេះគ្រប់គ្រងខ្លួនឯង ដើម្បីរង់ចាំទទួលរង្វាន់ធំ ជាជាងទទួលបានរង្វាន់តូចភ្លាមៗ នឹងមានលទ្ធផលល្អប្រសើរនៅពេលក្រោយ។ ទាំងនេះរាប់បញ្ចូលទាំងពិន្ទុប្រលងខ្ពស់ និងការថយចុះអត្រាកើតជំងឺធាត់ ឬការប្រើប្រាស់គ្រឿងញៀន ក្នុងរយៈពេល៣០ឆ្នាំក្រោយ។

ជាការពិតណាស់ គោលការណ៍វិន័យល្អ គឺពិបាកធ្វើការជាង វិធានការដាក់ទណ្ឌកម្ម។ ដូច្នេះទុកពេលឱ្យខ្លួនអ្នក ដើម្បីសាកថ្មជីវិត ដោយហាត់ប្រាណ ឬញ៉ាំកាហ្វេជាមួយមិត្តភក្តិ។ ការថែរក្សាខ្លួនឯង ផ្តល់ថាមពលដែលអ្នកត្រូវការ ដើម្បីរក្សាការជ្រើសរើសល្អបំផុត សម្រាប់អ្នកនិងកូនអ្នក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។