ស្រមៃថាមាននរណាម្នាក់ មកភ្នាល់គ្នាជាមួយអ្នក។ គេនឹងបោះកាក់៖ ម្ខាងអ្នកឈ្នះ ១២០ដុល្លារ នឹងម្ខាងទៀតអ្នកចាញ់ ១០០ដុល្លារ។ ការភ្នាល់នេះ ល្អណាស់ ប៉ុន្តែតើវាមានន័យថា អ្នកនឹងព្រមភ្នាល់ទេ?
អ្នកនឹងមិនព្រមទេ។ មនុស្សចាប់អារម្មណ៍ច្រើន ក្នុងការជៀសវាងការខាតបង់ ជាជាងការចំណេញ។ ការសិក្សាផ្សេងៗបានបង្ហាញថា មនុស្សចង់ជៀសវាងទាំងស្រុង នូវលទ្ធភាពនៃការបាត់បង់ ជាជាងប្រថុយប្រថាន បើទោះបីជាឱកាសនៃការឈ្នះ ខ្ពស់ក៏ដោយ។ សម្រាប់មនុស្សភាគច្រើន ការឈឺចាប់នៃការបាត់បង់ គឺធ្ងន់ធ្ងរជាងភាពរីករាយនៃការឈ្នះទ្វេដង។
ឧទាហរណ៍ នៅក្នុងការសិក្សាមួយ អ្នកចូលរួមភាគច្រើន បានបដិសេធនូវ ការព្រមព្រៀងដែលល្អ ដូចអ្វីដែលបានរៀបរាប់ខាងលើ។ ពួកគេនឹងមិនចូលរួមភ្នាល់ទេ លើកលែងតែពួកគេអាចឈ្នះយ៉ាងតិច ២០០ ដុល្លារ ដែលស្មើរនឹងពីរដង នូវលុយដែលគេបានប្រថុយចាញ់។ នេះជាការពិត ដែលបណ្តាលឱ្យពួកគេខកខាន ក្នុងឱកាសទទួលបានផលចំណេញ។
ប៉ុន្តែការជៀសវាងការខាតបង់នេះ មិនមែនជាការលំអៀងតែមួយ ដែលបង្កឱ្យមានអាកប្បកិរិយា មិនសមហេតុផលនោះទេ។ ដោយសារឥទ្ធិពលនៃទ្រព្យសម្បត្តិ មនុស្សតែងមានទំនោរ ដាក់តម្លៃច្រើនជ្រុលលើអ្វីដែលពួកគេមាន។
ឧទាហរណ៍ មនុស្សមានហេតុផលម្នាក់ដឹងថា កែវកាហ្វេតម្លៃ ៥ដុល្លារមួយ គឺមានតម្លៃតែប៉ុណ្ណឹង ទោះបីពួកគេជាម្ចាស់ឬក៏អត់ក៏ដោយ។ ប៉ុន្តែការពិសោធន៍ ដ៏ពេញនិយមមួយបានបង្ហាញថា ការយល់ឃើញរបស់មនុស្ស មិនត្រូវគ្នានឹងការពិតនេះទេ។
នៅក្នុងការពិសោធន៍ សិស្សពាក់កណ្តាលថ្នាក់ ត្រូវបានគេផ្តល់ឱ្យកែវកាហ្វេដ៏ស្រស់ស្អាត ដែលមាននិមិត្តសញ្ញា សាកលវិទ្យាល័យរបស់ពួកគេ។ សិស្សពាក់កណ្តាលទៀត មិនបានអ្វីទាំងអស់។ បន្ទាប់មក និស្សិតដែលគ្មានកែវ ត្រូវបានគេសួរថា តើពួកគេហ៊ានចំណាយប៉ុន្មាន ដើម្បីបានកែវនោះមួយ ហើយនិស្សិតដែលមានកែវស្រាប់ ត្រូវបានគេសួរថា តើពួកគេព្រមលក់កែវនេះក្នុងតម្លៃប៉ុន្មាន។
លទ្ធផលត្រូវបានបំភ្លឺ។ ជាមធ្យម តម្លៃដែលម្ចាស់កែវលក់ គឺខ្ពស់ជាង តម្លៃដែលសិស្សដទៃហ៊ាន។ ភាពខុសគ្នានេះ បង្ហាញយ៉ាងច្បាស់ថា ការកាន់កាប់របស់អ្វីមួយ ផ្លាស់ប្តូរតម្លៃដែលត្រូវបានគេយល់ឃើញ។
ដូច្នេះ ហេតុផលរបស់យើង គឺមិនល្អសមស្របនោះទេ។ តើយើងត្រូវផ្លាស់ប្តូរវា យ៉ាងដូចម្តេច?